រឿង កសិករនិងផ្កា
កសិករជប៉ុនម្នាក់ បាននាំកូនស្រីដើរលេងនៅតាមវាលស្រែ។ កូនស្រីអាយុ៦ឆ្នាំសប្បាយរីករាយនឹងទេសភាពនៅតាមជើងភ្នំ និងក្លិនក្រអូបរបស់ស្រូវក្នុងវាលស្រែនាពេលព្រឹកព្រលឹម។ ឪពុកដឹកដៃកូនបណ្ដើរ ច្រៀងចម្រៀងប្រពៃណីជប៉ុនឱ្យកូនស្ដាប់បណ្ដើរ។ ក្មេងស្រីរត់តាមភ្លឺស្រែស្រែកំពុងរីករាយនឹងដេញចាប់មេអំពៅ ក៏ប្រទះផ្កាមួយគុម្ពមានក្លិនក្រអូប និងពណ៌សក្បុស។ កុមារីតូចលូកដៃបម្រុងកាច់ផ្កាដើម្បីយកមកទុកក្នុងបន្ទប់គេងរបស់នាងពេលត្រឡប់មកផ្ទះវិញ ស្រាប់តែឪពុកជាកសិករបាននិយាយថ្នមៗពន្យល់កូនថា« បើកូនកាច់ផ្កានេះយកទៅផ្ទះ ផ្កានេះនឹងស្រពោន រុះរោយក្នុងរយៈពេល៣ថ្ងៃ ហើយក្លិនក្រអូបនិងភាពស្រស់ស្អាតរបស់វា បានឃើញតែកូនម្នាក់ប៉ុណ្ណោះ។ បើកូនទុកវានៅទីនេះ ភាពស្រស់ស្អាត និងក្លិនដ៏ក្រអូបរបស់វា នឹងអាចឱ្យមនុស្សផ្សេងទៀតដែលដើរកាត់ទីនេះបានឃើញដូចកូនដែរ »។ ក្មេងស្រីតូចសម្លឹងទៅឪពុកដោយទឹកមុខញញឹម រួចហក់ឡើងលើខ្នងឪពុកនាង បន្តមើលទេសភាពវាលស្រែយ៉ាងរីករាយ។






