"នាងរឹងមាំណាស់"

នៅពេលដែលគេសម្លឹងមើលមកសម្បកនៃរាងកាយរបស់ខ្លួនខ្ញុំ មានមនុស្សមិនតិចទេ ដែលគិតថា ខ្ញុំរឹងមាំណាស់ ខ្ញុំពូកែណាស់ ក្លាហានណាស់ ....ប៉ុន្តែនេះគ្រាន់តែជាសម្បកនៃរូបរាងរបស់ខ្ញុំទេ។ វាគ្រាន់តែជាការសម្ដែងដែលខ្ញុំជាអ្នកដឹក ហើយខ្ញុំជាអ្នកសម្តែងឱ្យខ្លួនឯងជាមនុស្សដែលរឹងប៉ឹងណាស់ ឯករាជ្យណាស់  ក្លាហានណាស់.... តែខ្ញុំទន់ជ្រាយណាស់ ទន់ជ្រាយរហូតគ្រាន់តែទម្លាក់កាបូប ហើយអង្គុយយំម្នាក់ឯងនៅក្នុងបន្ទប់ជួលដែលគ្រប់គ្នាគិតថាជាមនុស្សឯករាជ្យ។ តែអ្នកទាំងអស់គ្នាដឹងទេ មិនមែនម្ដងទេដែលខ្ញុំដើរដួល មិនមែនម្ដងទេដែលខ្ញុំយំ តែខ្ញុំនៅតែចូលចិត្តសម្ដែងថាខ្លួនឯងរឹងមាំណាស់ ...។ ព្រោះតែពាក្យថា ណាស់នៅក្នុងហ្នឹងសឹងតែគ្រប់ប្រយោគដែលគេគិត និងខ្ញុំគិតនេះឯងដែលជារនាំងដ៏ធំដែលធ្វើឱ្យចិត្តខ្ញុំវាដើរទៅដើរមកត្រឡប់មកកន្លែងដដែល ម្ដងហើយម្ដងទៀត ព្រោះតែពាក្យ “ណាស់” នៅសឹងគ្រប់ពេលធ្វើឱ្យខ្ញុំរឹងក្បាលតែមិនរឹងចិត្ត។

ដូច្នេះរឿងមួយដែលធ្វើបានគឺទម្លាក់សម្ពាយខ្លះ ហើយបើចង់យំក៏យំ បើទ្រាំលែងបានក៏និយាយ បើឈឺចាប់ក៏បង្ហាញ និយាយត្រង់ចុះបើសិនជាយើងមិនពូកែ និយាយត្រង់ចុះបើសិនជាយើងមិនចេះ ... ព្រោះកាលដែលទទួលយកគ្រប់រឿងហើយមិនដាក់ពាក្យ “ពេក” ពាក្យ “ណាស់” ចូលគ្រប់ប្រយោគហើយប្ដូរមកជាគ្រប់គ្រាន់នោះ អ្នកនេះហើយជា មនុស្សដែលរឹងមាំ និយមន័យរឹងមាំគឺចិត្តដែលមិនងាយនឹងប៉ះទង្គិចគឺជាចិត្តដែលទទួលបានគ្រប់យ៉ាងហើយទទួលដោយរីករាយ មិនមែនជាចិត្តដែលគ្រាន់តែមើលពីសម្បកក្រៅទេ។

អត្ថបទ៖ សៀវភៅជីវិត 

គេហទំព័រសៀវភៅជីវិត [www.seavphovjivet.com/]

អភិវឌ្ឍដោយ នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន

គាំទ្របច្ចេកទេសដោយ ក្រុមហ៊ុនគម្ពីរ ឯ.ក