"កុំខូចចិត្តយូរពេក!"
ជីវិត...
ដល់ពេលងងុយក៏ចូលគេង។
ដល់ពេលអស់ងងុយក៏ក្រោក។
ដល់ពេលឃ្លានក៏រកអីញ៉ាំ។
ដល់ពេលស្រេកក៏រកផឹក។
ដល់ពេលឈឺក៏សម្រាកព្យាបាលជំងឺ។
ប៉ុន្តែមិនមែនគ្រប់គ្នាសុទ្ធតែទទួលបានជីវិតបែបនេះទេ...
អ្នកខ្លះងងុយខ្លាំងប៉ុនណាក៏មិនបានគេងទៀងទាត់ និងគ្រប់គ្រាន់។
អ្នកខ្លះពេលស្រេកឃ្លានក៏គ្មានអ្វីទ្រាប់ពោះ។
អ្នកខ្លះពេលស្រេកក៏រកទឹកល្អស្អាតផឹកមិនបាន។
អ្នកខ្លះប្រឹងធ្វើការទាំងឈឺ ទាំងជាមិនបានសម្រាក។
គ្រប់គ្នាសុទ្ធតែប្រាថ្នាចង់មានជីវិតរស់ ប៉ុន្តែមិនមែនគ្រប់គ្នាសុទ្ធតែអាចរកហេតុផលដើម្បីបន្តរស់បានដូចគ្នាទេ។
អ្នកខ្លះខូចចិត្តខ្លាំងពេលប្រឡងធ្លាក់ នៅខណៈពេលដែលអ្នកខ្លះទៀតគ្មានសូម្បីតែឱកាសដើម្បីបានចូលរៀន បានប្រឡងប្រជែងជាមួយអ្នកឯទៀត។ ជីវិតមិនមែនជាការប្រកួតប្រជែងលទ្ធផលល្អអាក្រក់ជាមួយអ្នកដទៃទេ យើងគ្រាន់តែត្រូវរស់នៅដោយពេញចិត្តចំពោះថ្ងៃនីមួយៗដែលយើងបានឆ្លងកាត់។ បើយើងឆ្លងកាត់រឿងលំបាកៗក្នុងថ្ងៃនេះមិនបានទេ យើងក៏គ្មានឱកាសបានឆ្លងកាត់រឿងលំបាកផ្សេងទៀតនៅថ្ងៃបន្តបន្ទាប់ឡើយ។ គ្រប់គ្នាកើតមកក៏ត្រូវស្លាប់ទៅវិញនៅពេលណាមួយ ប៉ុន្តែនៅខណៈពេលដែលយើងមានដង្ហើមដកចេញចូល សូមរស់នៅដោយក្ដីសង្ឃឹម និងអំណរគុណចំពោះជីវិតនេះឱ្យបានច្រើន។
កុំខូចចិត្តយូរពេក! ដើរដួលក៏ត្រូវប្រឹងក្រោក។ ឈឺចាប់ក៏ត្រូវប្រឹងរស់។ ពេលកំពុងស្មុគស្មាញខ្លាំង ប្រហែលសូម្បីជីវិតក៏យើងលែងឱ្យតម្លៃ គិតថារស់ក៏វាគ្មានន័យ ចង់ស្លាប់ឲ្យផុតៗពីលោកនេះ ប៉ុន្តែនៅខណៈដែលយើងលែងចង់រស់ មានមនុស្សច្រើនណាស់ដែលកំពុងតែសម្រាកនៅក្នុងមន្ទីរពេទ្យ ដាក់អ៊ុកស៊ីសែន ដើម្បីបន្តដង្ហើមរស់។ មនុស្សជាច្រើនចង់រស់ ចង់មានដង្ហើមដក! ចុះយើងវិញ?
អត្ថបទ៖ #សៀវភៅជីវិត
អត្ថបទដែលពាក់ព័ន្ធ
ពាក្យគន្លឹះ
បណ្ដាញសង្គមផ្លូវការក្រសួង
ជំនួយ
ដៃគូសហការ និងគាំទ្រដោយ

អភិវឌ្ឍដោយ នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន
គាំទ្របច្ចេកទេសដោយ ក្រុមហ៊ុនគម្ពីរ ឯ.ក