"អតីតកាលដែលបានរសាត់ឆ្ងាយ"

ធ្លាប់ដែរទេ? បែកគ្នាយូរហើយ តែម្ដងម្កាលយើងក៏ទៅលួចមើល ឬចង់ដឹងពីជីវិតមនុស្សដែលយើងធ្លាប់ស្គាល់។ ចង់ដឹងថាគេបានសុខទុក្ខដូចម្ដេច? ជីវិតគេដែលគ្មានយើង និងជីវិតដែលធ្លាប់មានយើង តើមួយណាប្រសើរជាង? ដឹងដែរថាវាជារឿងមិនបានប្រយោជន៍ ព្រោះរវាងយើង និងគេបានជួបគ្នាតែក្នុងអតីតកាល ហើយគ្រប់យ៉ាងនាពេលនោះវារសាត់ឆ្ងាយហៅលែងឮទៅហើយ ប៉ុន្តែក៏ហាមចិត្តមិនឱ្យចង់ដឹងពីគេមិនបាន។ 

បើបានដឹងថាជីវិតរបស់គេបានប្រសើរឡើងច្រើនជាងការដែលមានយើង យើងក៏នឹងអស់ក្ដីបារម្ភ។ 

ពេលខ្លះយើងក៏មានអារម្មណ៍សោកស្ដាយ គឺស្ដាយថាប្រសិនបើក្រោយបែកគ្នា យើងនៅតែបន្តភាពជាមិត្តដែលអាចដឹងសុខទុក្ខគ្នាបានធម្មតាមិនដឹងប្រសើរយ៉ាងម៉េច ប៉ុន្តែអ្វីៗវាបានត្រឹមតែការគិត។ មនុស្សពេលនៅស្រឡាញ់គឺមិនដែលគិតថាចង់បែកគ្នាទេ ប៉ុន្តែពេលខ្លះក្រោយបែកគ្នាហើយ យើងក៏បែកជារៀងរហូត។ មានពាក្យជាច្រើនដែលយើងមិនទាន់បាននិយាយអស់ តែក៏អស់ឱកាសដើម្បីនិយាយ។ ជីវិតយើងបានដើរជ្រួសគ្នានៅកន្លែងមួយ ហើយក៏ដើរបន្តទៅមុខរៀងខ្លួន ហើយប្រសិនបើការជួបគ្នានាពេលមួយនោះ យើងមិនបានបន្សល់ទុកការឈឺចាប់ឱ្យគ្នាទេ ម្ល៉េះសមជីវិតយើងនឹងបានដើរទៅមុខលឿនជាងនេះមិនខាន។ ​

អ្នកខ្លះបានក្លាយជាអតីតកាលរបស់យើង តែអ្នកខ្លះកំពុងរស់នៅក្នុងបច្ចុប្បន្នកាលជាមួយយើង ហើយក៏ត្រូវបន្តដំណើរទៅអនាគតជាមួយគ្នា។ រឿងដែលវាបានចប់សព្វគ្រប់នៅក្នុងអតីតកាលហើយ ឱ្យវាចប់ទៅចុះ ព្រោះយើងម្នាក់ៗមិនបានរស់នៅក្នុងអតីតកាលទាំងនោះទៀតឡើយ។ បើមានឱកាសដែលអាចនិយាយពាក្យអរគុណ ឬពាក្យសុំទោសចំពោះគ្នាបាន យើងក៏មិនចាំបាច់ត្រូវមានអារម្មណ៍ខ្មាសអៀនក្នុងការនិយាយពាក្យទាំងនោះឡើយ។ ឱកាសខ្លះវាមានមិនច្រើនទេ ហើយពេលខ្លះវាខ្លីរហូតដល់យើងមិនបានចាប់អារម្មណ៍ផង ថានោះគឺជាឱកាសដែលយើងនឹងមិនអាចមានជាថ្មីទៀតឡើយ។ យើងបានបាត់បង់អ្វីៗជាច្រើននៅក្រៅខ្លួន ប៉ុន្តែយើងនៅមានខ្លួនឯង ដូច្នេះចូរមើលថែខ្លួនឯងឱ្យបានល្អ!!

អត្ថបទ៖ #សៀវភៅជីវិត   

គេហទំព័រសៀវភៅជីវិត [www.seavphovjivet.com/]

អភិវឌ្ឍដោយ នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន

គាំទ្របច្ចេកទេសដោយ ក្រុមហ៊ុនគម្ពីរ ឯ.ក