“ផ្លាស់ប្ដូរខ្លួនឯងដើម្បីអ្នកណា?”
ពេលទំនេរនៅម្នាក់ឯងក៏ទៅឆ្លុះកញ្ចក់មើលខ្លួនឯង មើលមុខដូចជាប៉ោងបន្តិច មើលខ្លួនដូចជាលើសទម្ងន់ទេដឹង? យើងតែងតែសួរខ្លួនឯងមិនចេះឈប់សម្រាប់សំណួរដែលមិនចាំបាច់។ សួរចុះសួរឡើង យើងក៏មានគំនិតថាភាពជាខ្លួនឯងនេះ គឺមិនឥតខ្ចោះ ហើយវាពិបាកនឹងចុះក្នុងចំណោមគេណាស់។ គួរតែផ្លាស់ប្តូរដើម្បីគាប់ចិត្តអ្នកដទៃឬយ៉ាងណា? បើយើងផ្លាស់ប្តូរហើយ បានគាប់ចិត្តគេហើយ តើបានអ្វីមកវិញ? តើយើងពិតជាសប្បាយចិត្តនិងមានសុភមង្គល ដោយគ្រាន់តែធ្វើបែបនេះ? តើយើងអាចនឹងស្មោះត្រង់នឹងខ្លួនឯងទេ?
ឧទាហរណ៍៖ ពេលនៅជាមួយមិត្តភក្កិ យើងមិនសូវដើរមិនសូវចុះសម្រុងនឹងគ្នាពីព្រោះចំណង់ចំណូលចិត្តមិនដូចគ្នា។ ការរស់នៅមិនដូចគ្នា។ គេចូលចិត្តដើរផ្សារទំនើប ចំណែកឯខ្លួនឯងចូលចិត្តនៅផ្ទះអានសៀវភៅ គេចូលចិត្តស្លៀកពាក់បែបសុីវីល័យ ចំណែកឯខ្លួនឯងចូលចិត្តការស្លៀកពាក់ធម្មតាមើលទៅសាមញ្ញ។ នៅក្នុងចំណងស្នេហា យើងក៏មិនអាចចាំតែគាប់ចិត្តដៃគូរគ្រប់ពេលដែរ។ សេចក្តីស្រឡាញ់គឺជាការឱ្យ មិនមែនចាំតែទទួលយកគ្រប់ពេលនោះទេ។
ហត់ទេនៅពេលដែលព្យាយាមធ្វើអ្វីបំពេញចិត្តអ្នកដទៃទាំងដែលខ្លួនឯងដឹងច្បាស់ថាមិនចូលចិត្ដផងនោះ? ការផ្លាស់ប្ដូរមិនមែនសុទ្ធតែអាក្រក់នោះទេ ដរាបណាយើងផ្លាស់ប្ដូរដើម្បីខ្លួនយើង ដើម្បីអភិវឌ្ឍខ្លួនយើងឱ្យបានល្អប្រសើរជាងមុន។ ពីព្រោះថាជីវិតមួយនេះវាហាក់បីដូចជាខ្លីណាស់នៅពេលដែលយើងព្យាយាមធ្វើអ្វីផ្គាប់ចិត្តអ្នកដទៃទាំងដែលខ្លួនមិនពេញចិត្ត។ ពេលខ្លះយើងត្រូវតែរៀននិយាយពាក្យថា “ទេ” ចំពោះការផ្លាស់ប្ដូរមួយចំនួនពីព្រោះខ្លួនយើងល្អគ្រប់គ្រាន់ហើយសម្រាប់ខ្លួនឯង។
អត្ថបទ៖ សៀវភៅជីវិត
អត្ថបទដែលពាក់ព័ន្ធ
ពាក្យគន្លឹះ
បណ្ដាញសង្គមផ្លូវការក្រសួង
ជំនួយ
ដៃគូសហការ និងគាំទ្រដោយ

អភិវឌ្ឍដោយ នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន
គាំទ្របច្ចេកទេសដោយ ក្រុមហ៊ុនគម្ពីរ ឯ.ក