រឿង ខុងជឺហូបបាយថ្ងៃត្រង់

          វេលាមួយ ខុង ជឺ បានដឹកនាំកូនសិស្សជំនិតទាំងពីររបស់លោកធ្វើដំណើរចេញពីនគរលូទៅកាន់នគរជិតខាង។ ក្នុងពេលធ្វើដំណើរនោះ សិស្សរបស់គាត់មានការស្រេកឃ្លានជាខ្លាំង តែមិនមាននរណាម្នាក់ហ៊ានត្អូញត្អែរនោះទេ ព្រោះពួកគេមានចិត្តអាណិតគោរពលោកគ្រូរបស់ពួកគេខ្លាំងណាស់។ នៅពេលទៅដល់នគរឈូ(Chu) ពួកគេបានអស់ស្បៀងអាហារ តែសំណាងល្អដោយមានអ្នកស្រុកឈូធ្លាប់ឮល្បីឈ្មោះរបស់ ខុង ជឺ ពួកគេក៏បានបរិច្ចាគអង្ករបន្តិចបន្តួចសម្រាប់ ខុង ជឺ និងសិស្សបរិភោគ។ គាត់ប្រើឱ្យសិស្សម្នាក់ទៅរកបន្លែ ហើយម្នាក់ទៀតនៅដាំបាយ។ ចំណែក ខុង ជឺ អង្គុយអានសៀវភៅក្នុងបណ្ណាល័យ។ នៅពេលនោះ ខុង ជឺឮសំឡេងចេញពីកន្លែងដាំបាយ។ គាត់ក៏ចេញទៅមើល ស្រាប់តែឃើញកូនសិស្សជាទីស្រលាញ់របស់គាត់ កំពុងតែដួសបាយហូបមុនគេ មុនឯង ក្នុងកិរិយាលាក់លៀមលួចមើលឆ្វេងស្តាំ។ ខុង ជឺ មានការខកចិត្តយ៉ាងខ្លាំង........

           ពេលបាយថ្ងៃត្រង់ក៏ឈានមកដល់។ មុនចាប់ផ្ដើមហូបបាយ ខុង ជឺ នឹកឃើញវិធីមួយដើម្បីដេញតម្រិះសិស្ស ដើម្បីឱ្យសិស្សនិយាយការពិតនូវអ្វីដែលគេបានធ្វើ។ ខុង ជឺ និយាយថា«គ្រូសុំអរគុណសិស្សទាំងពីរនាក់ដែលបានតាមគ្រូមក ដោយមិនគិតពីការនឿយហត់ និងមិនបានរអ៊ូរទាំអ្វីទាំងអស់។ ថ្ងៃនេះគ្រូមានអារម្មណ៍ថានឹកស្រុកកំណើត និងនឹកដល់ឪពុកម្តាយដែលចែកឋានទៅ។ គ្រូចង់យកបាយមួយចានតូចសែនជូនវិញ្ញាណក្ខន្ធពួកគាត់»។ រំពេចនោះសិស្សដែលជាអ្នកដាំបាយក៏បាននិយាយថា«មិនអាចទេលោកគ្រូ! បាយទាំងនេះមិនស្អាតស្អំបរិសុទ្ធនោះឡើយ ពីព្រោះខ្ញុំបានហូបវាមុនហើយលោកគ្រូ!»។ ខុង ជឺ ធ្វើដូចជាភ្ញាក់ផ្អើល ហើយបន្តសួរទៀតថា«ហេតុអ្វីបានជាឯងធ្វើដូច្នេះ?» ។ សិស្សនោះឆ្លើយទៀតថា«នៅពេលខ្ញុំកំពុងដាំបាយ ស្រាប់តែមានខ្យល់បក់កម្ទេចធូលីហុយចូលបាយក្នុងឆ្នាំង ធ្វើឱ្យផ្នែកខាងលើប្រឡាក់ទៅដោយធូលីដី។ ខ្ញុំមិនហ៊ានដួសបាយប្រលាក់ដីនោះចោលទេ ព្រោះបាយមានតិច ខ្ញុំក៏ដួសបាយប្រឡាក់ដីនោះយកមកហូប និងទុកបាយដែលល្អជូនលោកគ្រូពិសា»។ ខុង ជឺមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងសោកស្ដាយចំពោះការសនិដ្ឋានរបស់គាត់។ ខុង ជឺបានពោលតិចៗក្នុងចិត្តថា«ហេតុការណ៍ដែលខ្ញុំបានឃើញផ្ទាល់នឹងភ្នែកហើយ វានៅតែមិនអាចឱ្យខ្ញុំយល់ត្រឹមត្រូវបានទៀត ពិតជាគួរឱ្យសោកស្តាយនូវគំនិតទុទិដ្ឋិនិយមរបស់ខ្ញុំនៅមុននេះណាស់.......»


គំនិតអប់រំ៖ 

១. កុំទាន់ជឿនូវអ្វីដែលអ្នកបានត្រឹមតែឮ! កុំទាន់សន្និដ្ឋាននូវអ្វីដែលអ្នកបានត្រឹមតែឃើញ! 

២. អ្នកអាចជឿ៥០ភាគរយបន្ទាប់ពី ស្វ័យពិចារណា សាកសួរ សង្កេត និងពិសោធ។

៣. បើឆ្ងល់ត្រូវសាកសួរ កុំសន្និដ្ឋានឬវិនិច្ឆ័យនរណាម្នាក់ផ្ដេសផ្ដាស....។

អភិវឌ្ឍដោយ នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន

គាំទ្របច្ចេកទេសដោយ ក្រុមហ៊ុនគម្ពីរ ឯ.ក